(រាជធានីភ្នំពេញ)
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ថៃទី២២ ខែតុលា ឆ្នាំ២០២៦នេះសហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ម៉ឹន ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។
លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលយើងប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស។








