ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់អភិបាលក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវចាប់អារម្មណ៍គោលដៅសង្ស័យមានលួចលាក់ប្រព្រឹត្ត Online Scams ដូចជា៖ ការដឹកជញ្ជូនបាយកញ្ចប់ច្រើនខុសប្រក្រតី ការតប្រព័ន្ធអ៊ីនធឺណិតតូចៗចូលច្រើនមានខ្សែអូសចូលច្រើន និងមានសំរាមច្រើនខុសប្រក្រតី នោះយើងទាំងអស់គ្នាត្រូវធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជាបន្ទាន់។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដូចនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពី ការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគណៈអធិបតីភាពឯកឧត្ដម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បើពិនិត្យឃើញមានចំណុចសង្ស័យណាមួយខាងលើនេះ អាជ្ញាធរ ព្រមទាំងកងកម្លាំងរបស់យើង ត្រូវធ្វើការចុះពិនិត្យអារដ្ឋបាលជាបន្ទាន់ ដោយក្នុងករណីមិនទាន់ដឹងថាមានបទល្មើសឬអត់នោះទេ អាជ្ញាធរ និងកងកម្លាំងរបស់យើង ត្រូវតែមានអាកប្បកិរិយាទន់ភ្លន់ និងស្នើសុំម្ចាស់ផ្ទះ ឬម្ចាស់ទីតាំងក្នុងការត្រួតពិនិត្យរដ្ឋបាល មិនត្រូវមានសកម្មភាពណាមួយ ដែលធ្វើឱ្យរំខាន ឬប៉ះពាល់ដល់ការប្រកបរបររកស៊ីរបស់បងប្អូនប្រជាពលរដ្ឋឡើយ។








