ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នងផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ពិធីនេះបានរៀបចំឡើងដេីម្បីអបអរសាទរខួបលេីកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិធីប្រគល់ផ្ទះ និងដីឡូតិ៍ ចំនួន ១០០ខ្នង ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ២ខេត្ត គឺខេត្តកំពង់ឆ្នាំង ចំនួន ៥០ខ្នងផ្ទះ និងខេត្តកណ្តាល ចំនួន ៥០ខ្នងផ្ទះ។ ពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជននាពេលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញអំពីការគិតគូរ យកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
គួរជម្រាបជូនដែរថា តំបន់សម្បទាននេះ មានផ្ទៃដីសរុប ១ ៣៥៣ហិកតា ដោយបានសាងសង់ផ្ទះជូនអតីតយុទ្ធជនជា២ជំហាន សរុបចំនួន ២១៤ខ្នង ចាប់សាងសង់តាំងពីឆ្នាំ២០២២ មក។







